ដំណោះស្រាយចំពោះបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសឡាវ

កិច្ចប្រជុំអាស៊ានគួរសង្កត់ធ្ងន់លើការបាត់ខ្លួនមេដឹកនាំ Sambath Somphone ការបដិសេធសេរីភាព

ទីក្រុងបាងកក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ – នៅមុនពេលនៃកិច្ចជំនួបកំពូលប្រចាំឆ្នាំនៃមេដឹកនាំអាស៊ាននៅក្នុងទីក្រុងវៀងច័ន្ទ ក្រុមការពារសិទ្ធិមនុស្សបានស្នើសុំឲ្យរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតឡាវ ធ្វើការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហានៃការរំលោភសិទ្ធិមនុស្សយ៉ាងធំធេងដោយរដ្ឋាភិបាល ជាក់ស្តែងរួមមាន បញ្ហាបាត់ខ្លួនដោយបង្ខំ និងការឃុំខ្លួនតាមទំនើងចិត្ត។ មេដឹកនាំពិភពលោកដែលនឹងចូលរួម មានឱកាសពិសេស ដើម្បីលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងអំឡុងពេលនៃកិច្ចជំនួបកំពូលអាស៊ាន នៅក្នុងទីក្រុងវៀងច័ន្ទ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញាខាងមុខនេះ។ ពួកគេគួរគាបសង្កត់ឲ្យរដ្ឋាភិបាលឡាវ បញ្ឈប់ការរំលោភបំពានដែលបានធ្វើឲ្យប្រទេសឡាវស្ថិតនៅចំណាត់ថ្នាក់ទាបក្រោមគេ ក្នុងសន្ទស្សន៍ស្តីពីសិទ្ធិ និងការអភិវឌ្ឍន៍ ដែលធ្វើការវាស់ស្ទង់អំពីសិទ្ធិ សេរីភាពសារព័ត៌មាន លទ្ធិប្រជាធិបតេយ្យ សេរីភាពសាសនា និងតម្លាភាពសេដ្ឋកិច្ច។

Logo-Sombath Initiative

នៅឯសន្និសីទសារកាសែត ដែលរៀបចំដោយក្រុមអង្គការឯករាជ្យ The Sombath Initiative នៅក្លឹបអ្នកកាសែតបរទេសនៃប្រទេសថៃ ក្នុងទីក្រុងបាងកក ក្រុមអង្គការនេះបានចេញផ្សាយនូវសំណុំឯកសារពិស្តា ស្តីពីបញ្ហាបាត់ខ្លួនដោយការបង្ខំនូវរូបលោក Sombath Somphone មេដឹកនាំសង្គមស៊ីវិល, ការរឹតបន្តឹងរបស់ប្រទេសឡាវចំពោះលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, ភាពខ្វះខាតនៃសេរីភាពបញ្ចេញមតិ, បរាជ័យក្នុងបំពេញកាតព្វកិច្ចសិទ្ធិមនុស្ស, ផលប៉ះពាល់នៃការវិនិយោគទុន និងជំនួយបរទេស។

លោកស្រី Shui Meng Ng ភរិយារបស់លោក Sombath Somphone និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមអង្គការឯករាជ្យ The Sombath Initiative បាននិយាយថា “ជាងបីឆ្នាំកន្លះហើយបន្ទាប់ពីគាត់បានបាត់ខ្លួន ដែលរដ្ឋាភិបាលឡាវនៅតែមិនទាន់ផ្តល់នូវចម្លើយច្បាស់លាស់អំពីហេតុការណ៍ដែលបានកើតឡើងចំពោះប្តីរបស់ខ្ញុំ គឺ Sombath Somphone ដែលត្រូវបានរថយន្តដឹកទំនិញ ដឹកយកទៅពីកន្លែងត្រួតពិនិត្យមួយកន្លែងរបស់ប៉ូលិស នៅក្នុងទីក្រុងវៀងច័ន្ទ។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក អូបាម៉ា រួមទាំងអង្គការសហប្រជាជាតិ និងអាស៊ាន និងដៃគូពិភាក្សារបស់អាស៊ាន គួរជម្រុញរដ្ឋាភិបាលឡាវឲ្យធ្វើការដោះស្រាយជាបន្ទាន់ចំពោះករណីនៃការបាត់ខ្លួនដោយការបង្ខំរបស់ Sombath និងជួយនាំគាត់ត្រឡប់មករូបខ្ញុំ និងគ្រួសាររបស់ខ្ញុំដោយសុវត្ថិភាព។ ពួកគេគួរតែទាមទារផងដែរឲ្យរដ្ឋាភិបាលឡាវបញ្ចប់បញ្ហាបាត់ខ្លួនដោយការបង្ខំ ដើម្បីឲ្យប្រជាពលរដ្ឋសាមញ្ញនៃប្រទេសឡាវអាចគោរពរដ្ឋាភិបាល ជាជាងមានភាពភ័យខ្លាចចំពោះរដ្ឋាភិបាល។”

CRD-logo

លោក Sombath Sophone ដែលជាអ្នកដឹកនាំការអភិវឌ្ឍន៍ជនបទរបស់ជាតិ និងតំបន់ ត្រូវបានបង្ខំឲ្យបាត់ខ្លួន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២ ហើយចាប់តាំងពីពេលនោះមក រដ្ឋាភិបាលឡាវមិនបានធ្វើការស៊ើបអង្កេតដែលមានប្រសិទ្ធភាព និងល្អិតល្អន់ចំពោះករណីចាប់ពង្រត់រូបគាត់ឡើយ។ ប្រទេសឡាវក៏បរាជ័យផងដែរក្នុងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងទីកន្លែង ឬជោគវាសនារបស់គាត់ ដោយរំលោភបំពានទៅលើកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់ខ្លួន ដែលស្ថិតក្រោមសន្ធិសញ្ញានានា ដែលប្រទេសឡាវជាភាគីរដ្ឋហត្ថលេខី ដែលក្នុងនោះរួមមាន សន្ធិសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិនយោបាយ និងស៊ីវិល និងអនុសញ្ញាប្រឆាំងនឹងទារុណកម្ម។ លោក Sombath ត្រូវបានបង្ខំឲ្យបាត់ខ្លួន មិនយូរប៉ុន្មានបន្ទាប់ពីគាត់បានបម្រើការងារជាសហប្រធាននៃគណៈកម្មាធិការជាតិរៀបចំនៃប្រទេសឡាវ ដែលជួយរដ្ឋាភិបាលឡាវ និងក្រុមអង្គការសង្គមស៊ីវិល ក្នុងការរៀបចំវេទិកាប្រជាពលរដ្ឋអាស៊ី-អឺរ៉ុប នៅក្នុងទីក្រុងវៀងច័ន្ទ កាលពីខែតុលា ឆ្នាំ២០១២។ បញ្ហារសើបផ្សេងៗពាក់ព័ន្ធនឹងដីធ្លី និងការរំលោភសិទ្ធិមនុស្ស  ត្រូវបានលើកឡើងនៅក្នុងវេទិកានេះ ដែលត្រូវបានគេជឿថា បានបង្កឲ្យមានភាពមិនពេញចិត្តក្នុងចំណោមភាគីរដ្ឋាភិបាល។

ICJ

លោក Kingsley Abbott ទីប្រឹក្សាច្បាប់អន្តរជាតិជាន់ខ្ពស់ នៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ បានថ្លែងថា “ការពិតដែលថា របាយការណ៍ពិស្តាចុងក្រោយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតឡាវ ស្តីពីការវិវត្តន៍នៃដំណើរការស៊ើបអង្កេត ត្រូវបានបញ្ចេញផ្សាយ ជាងបីឆ្នាំមុន បានបង្ហាញឲ្យឃើញថា អាជ្ញាធរឡាវមិនបានធ្វើការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាពលើករណីនេះ ដូចដែលបានតម្រូវដោយច្បាប់អន្តរជាតិនោះឡើយ។ វាមិនគ្រប់គ្រាន់ឡើយសម្រាប់រដ្ឋាភិបាលឡាវ ដែលគ្រាន់តែបន្តអះអាងនៅលើឆាកអន្តរជាតិថា រដ្ឋាភិបាលឡាវកំពុងធ្វើការស៊ើបអង្កេតលើករណីនេះ។ ច្បាប់អន្តរជាតិត្រូវបង្ខំអាជ្ញាធរនៃសាធារណរដ្ឋប្រជាមានិតឡាវឲ្យធ្វើការស៊ើបអង្កេតដែលអាចជឿជាក់ និងមានប្រសិទ្ធភាព និងផ្តល់ជូននូវព័ត៌មានទៀងទាត់អំពីការវិវត្តន៍នៃការស៊ើបអង្កេតនេះ រួមទាំងជូនភរិយារបស់លោក Sombath គឺលោកស្រី Shui Meng។”

សិទ្ធិនយោបាយ និងស៊ីវិលជាមូលដ្ឋាន ត្រូវបានបដិសេធជាប្រព័ន្ធនៅក្នុងប្រទេសឡាវ ហើយអាជ្ញាធររដ្ឋាភិបាលចាត់វិធានការយ៉ាងលឿន ក្នុងការចាប់ខ្លួនដោយបំពានចំពោះអ្នកដែលបញ្ចេញទស្សនៈរិះគន់រដ្ឋាភិបាល ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ឬនៅលើបណ្តាញអ៊ីនធើណេត ដែលកំពុងពេញនិយម។ កាលពីខែមីនា ឆ្នាំ២០១៦ ប៉ូលិសបានចាប់ខ្លួនកម្មករចំណាកស្រុកបីរូប ដែលបានបង្ហោះអត្ថាធិប្បាយរិះគន់រដ្ឋាភិបាលឡាវ ខណៈដែលពួកកំពុងធ្វើការងារនៅប្រទេសថៃ និងបន្តឃុំខ្លួនពួកគេដោយបំពាន។ តុលាការឡាវក៏បានកាត់ទោសសកម្មជន Bounthanh Khammavong កាលពីខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ ឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ ៩ខែ ពីបទបង្ហោះអត្ថាធិប្បាយរិះគន់រដ្ឋាភិបាល នៅលើ Facebook។

ប្រទេសឡាវក៏បានដាក់ចេញនូវការរឹតត្បិតយ៉ាងធ្ងន់ធ្ងរចំពោះសេរីភាពសមាគម ដែលផ្ទុយពីកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន។ រដ្ឋាភិបាលគ្រប់គ្រងយ៉ាងតឹងរឹងលើការចុះបញ្ជីអង្គការ ដូចជា សមាគមមិនស្វែងរកប្រាក់ចំណេញ ហើយធ្វើការឃ្លាំមើលយ៉ាងដិតដល់លើគម្រោងការងារ និងថវិកា របស់សគមាគមមិនស្វែងរកប្រាក់ចំណេញ ដែលរដ្ឋាភិបាលបានយល់ព្រមឲ្យធ្វើប្រតិបត្តិការ។ អ្នកដែលហ៊ានរៀបចំ និងធ្វើប្រតិបត្តិការអង្គការដែលមិនមានអាជ្ញាប័ណ្ណ ត្រូវប្រឈមនឹងការចាប់ខ្លួន និងកាត់ទោស។ កម្មករត្រូវបានបង្ខំដាក់ឲ្យស្ថិតជាកម្មសិទ្ធិរបស់សហព័ន្ធសហជីពពាណិជ្ជកម្មឡាវ ហើយការរៀបចំសហជីពនៅក្រៅពីក្របខណ្ឌនេះគឺជារឿងខុសច្បាប់។ នៅកម្រិតថ្នាក់ភូមិ អង្គការយ៉ាងច្រើនដែលគ្រប់គ្រងដោយគណបក្សបដិវត្តន៍ប្រជាជនឡាវដែលកំពុងកាន់អំណាច ជាញឹកញាប់គឺអង្គការតែមួយដែលអាចធ្វើប្រតិបត្តិការបាន។ ការតវ៉ា ឬការប្រមូលផ្តុំជាសាធារណៈ ត្រូវបានហាមឃាត់យ៉ាងតឹងរឹង ដោយមិនមានការអនុញ្ញាតពីរដ្ឋាភិបាលឡើយ ហើយការព្យាយាមរៀបចំការតវ៉ា ឬការប្រមូលផ្តុំជាសាធារណៈបែបនេះ ត្រូវប្រឈមនឹងការបង្រ្កាបពីសំណាក់ប៉ូលិស និងកម្លាំងសន្តិសុខ។

APHR-Logo

លោក Walden Bello អតីតសមាជិកសភាហ្វីលីពីន និងជាអនុប្រធានអង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បានថ្លែងថា “អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសឡាវ ស្ថិតនៅក្រោមការចាត់ទុកជាសត្រូវពីសំណាក់រដ្ឋាភិបាល ហើយមន្រ្តីសិទ្ធិនៃអង្គការសហប្រជាជាតិ បានកត់សម្គាល់ថា មានកន្លែងតិចតួចប៉ុណ្ណោះនៅក្នុងពិភពលោក ដែលពួកគេបានជួបប្រទះនឹងភាពភ័យខ្លាច និងការបំភិតបំភ័យជាងនេះ ក្នុងចំណោមអង្គការសហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល។ ឥឡូវនេះ ប្រទេសឡាវបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលគាបសង្កត់សិទ្ធិខ្លាំងបំផុតនៅក្នុងអាស៊ាន។ មេដឹកនាំនានានៅក្នុងតំបន់ និងមកពីជុំវិញពិភពលោក ត្រូវតែបញ្ឈប់ការមើលរំលង ហើយត្រូវទាមទារឲ្យក្រុងវៀងច័ន្ទបញ្ឈប់ទង្វើរបស់ខ្លួនក្នុងការបិទដង្ហើមរបស់សង្គមស៊ីវិលឯករាជ្យតទៅទៀត។”

ប្រទេសឡាវមានបំណងបង្កើនលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីរួចផុតពីស្ថានភាពជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ត្រឹមឆ្នាំ២០២០ ហើយបានបើកទ្វារសម្រាប់វិនិយោគិនបរទេស ដើម្បីធ្វើឲ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណា យុទ្ធសាស្រ្តវិនិយោគបរទេសប្រកបដោយភាពគឃ្លើនរបស់រដ្ឋាភិបាលឡាវនេះ បានផ្តល់នូវគុណវិបត្តិយ៉ាងធ្ងន់ធ្ងរ និងធំធេងចំពោះវិស័យសង្គម បរិស្ថាន និងសេដ្ឋកិច្ច ដល់ប្រទេសឡាវ ហើយជាពិសេសចំពោះអ្នកដែលបាត់បង់ជម្រក ដោយសារសម្បទានដីសេដ្ឋកិច្ច ទំនប់វារីអគ្គិសនី និងគម្រោងធំៗដទៃផ្សេងទៀត។ យុទ្ធសាស្រ្តនេះ ផ្តល់គ្រោះថ្នាក់ដល់សិទ្ធិមនុស្សសំខាន់ៗ រួមមាន សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។

Focus-icon

លោកស្រី Shalmali Guttal នាយកប្រតិបត្តិនៅអង្គការ Focus on the Global South បានថ្លែងថា “ទោះជាមានការហូរចូលមកប្រទេសឡាវ នូវជំនួយបរទេស និងទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ រយៈពេលជាងពីរទសវត្សរ៍កន្លងទៅនេះក៏ដោយ ប្រទេសឡាវបានបង្ហាញពីការវិនិយោគតិចតួចប៉ុណ្ណោះលើសេវាសាធារណៈ ជាពិសេស វិស័យអប់រំ សុខាភិបាល ទឹក អនាម័យ និងប្រព័ន្ធយុត្តិធម៌ដែលមានប្រសិទ្ធភាព។ គម្រោងវិនិយោគនៅក្នុងប្រទេសឡាវកំពុងបំផ្លិចបំផ្លាញបរិស្ថាន ដែលជាមូលដ្ឋាននៃជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ និងជាប្រភពអាហារដំបូងរបស់ពួកគាត់។ អសន្តិសុខស្បៀង អំពើពុករលួយ វិសមភាព និងការធ្វើចំណាកស្រុកដោយទុក្ខព្រួយ កាន់តែកើនឡើង ហើយជីវិតកាន់តែលំបាកសម្រាប់ប្រជាពលរដ្ឋសាមញ្ញ។”

MW logo

លោក Toshi Doi ទីប្រឹក្សាជាន់ខ្ពស់នៅអង្គការ Mekong Watch បានថ្លែងថា “ម្ចាស់ជំនួយធំៗ ដូចជា ប្រទេសជប៉ុន ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក បន្តផ្តល់កម្ចី និងប្រាក់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ ទៅឲ្យប្រទេសឡាវ ដោយឥតមានកំណត់លក្ខខណ្ឌ ពាក់ព័ន្ធនឹងប្រសិទ្ធិភាពរបស់ពួកគេ ឬផលប៉ះជាអវិជ្ជមាននៃសិទ្ធិមនុស្ស សង្គម និងបរិស្ថាន ដែលកើតចេញពីគម្រោងទាំងនេះ ចំពោះប្រជាពលរដ្ឋសាមញ្ញឡាវ។”

វេទិកាប្រជាពលរដ្ឋអាស៊ាន និងសន្និសីទសង្គមស៊ីវិលអាស៊ាន (The ASEAN People’s Forum/ASEAN Civil Society Conference (APF/ACSC)) ត្រូវបានបង្ខំឲ្យបោះបង់នូវកិច្ចខិតខំប្រឹងប្រែង ក្នុងការរៀបចំកិច្ចប្រជុំស្របគ្នានៅក្នុងប្រទេសម្ចាស់ផ្ទះដែលរៀបចំកិច្ចប្រជុំអាស៊ាន ជាលើកដំបូង ចាប់តាំងពីវេទិកានេះត្រូវបានរៀបចំដំបូង កាលពីឆ្នាំ២០០៥។ វេទិកាប្រជាពលរដ្ឋអាស៊ាន និងសន្និសីទសង្គមស៊ីវិលអាស៊ាន នឹងមិនត្រូវបានរៀបចំធ្វើនៅក្នុងទីក្រុងវៀងច័ន្ទនោះទេ ដោយសាររដ្ឋាភិបាលឡាវបរាជ័យក្នុងផ្តល់ការធានាថា ការចូលរួមរបស់សង្គមស៊ីវិលឡាវនឹងមិនប្រឈមនឹងការសងសឹក។ អ្នករៀបចំវេទិកាប្រជាពលរដ្ឋអាស៊ាន និងសន្និសីទសង្គមស៊ីវិលអាស៊ាន ក៏បដិសេធបម្រាមរបស់រដ្ឋាភិបាលឡាវមិនឲ្យមានការពិភាក្សាលើបញ្ហាទាំងនោះ នៅក្នុងវេទិកាប្រជាពលរដ្ឋអាស៊ាន និងសន្និសីទសង្គមស៊ីវិលអាស៊ាន ដែលរួមមានប្រធានបទ ដូចជា បញ្ហាបាត់ខ្លួនដោយបង្ខំ សិទ្ធិរបស់ជនជាតិដើមភាគតិច សិទ្ធិរបស់មនុស្សស្រលាញ់ភេទដូចគ្នា និងគម្រោងធំៗ ដូចជា គម្រោងវារីអគ្គិសនី នៅលើទន្លេមេគង្គ និងទន្លេផ្សេងទៀត និងបញ្ហារសើបផ្សេងៗទៀត។

Human Rights Watch HRW

លោក Phil Robertson អគ្គនាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអាស៊ី បានថ្លែងថា “ប្រសិនបើមេដឹកនាំផ្តាច់ការឡាវប្រកាន់ខ្ជាប់នូវជំហររបស់ពួកគេ នោះសម្លេងរបស់សង្គមស៊ីវិល និងក្តីបារម្ភចំពោះសិទ្ធិមនុស្ស នឹងមិនត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំអាស៊ាននេះទេ។ ដូច្នេះវាត្រូវធ្លាក់ជាបន្ទុករបស់មេដឹកនាំពិភពលោក ដូចជា ប្រធានាធិបតី អូបាម៉ា ដើម្បីលើកឡើងអំពីបញ្ហាសិទ្ធិ ទាំងឯកជន និងសាធារណៈ នៅក្នុងប្រទេសឡាវ។ ពួកគេគួរបញ្ជាក់ឲ្យច្បាស់ថា ភាពជាដៃគូនាពេលអនាគតជាមួយប្រទេសឡាវ គឺផ្អែកលើភាពប្រសើរឡើងនៃបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយត្រូវចាប់ផ្តើមពីបញ្ហាបាត់ខ្លួនដោយការបង្ខំនៃលោក Sombath Somphone។ រដ្ឋាភិបាលឡាវត្រូវធានាផងដែរថា វិនិយោគបរទេសត្រូវធ្វើឡើងដោយអនុលោមតាមកាតព្វកិច្ចរបស់រដ្ឋាភិបាល ដោយស្ថិតនៅក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។”

For more information, please contact: 

  • For ASEAN Parliamentarians for Human Rights, in Bangkok: Oren Samet (English), +66- 99 278 7334, email: [email protected], follow on Twitter @ASEANMP
  • For Civil Rights Defenders, in Stockholm: Gabrielle Gunneberg (English, Swedish), +46 8 545 277 30, email: [email protected], follow on Twitter @crdefenders
  • For Focus on the Global South, in Bangkok: Shalmali Guttal (English, Thai, Lao); +66 81 375 6409, email:  [email protected]; Twitter @commonmolly
  • For Human Rights Watch, in Bangkok: Phil Robertson (English, Thai), +66-85-060-8406, email: [email protected], follow on Twitter @Reaproy
  • For International Commission of Jurists, in Bangkok, Kingsley Abbott (English), +66 9 4470 1345, email: [email protected], follow on Twitter @ AbbottKingsley
  • For Mekong Watch, Toshi Doi (Japanese, English), +66-86-974-2941 or +81-80-6223-2159, email: [email protected], follow on Twitter @MekongWatch

Press briefings about various issues in the Lao PDR are also available:

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.